សេចក្តីថ្លែងការណ៍នៃសេចក្តីជំនឿ
ក្នុងនាមយើងក្រុមជំនុំ អាយ ស៊ី អេហ្វ ជាក្រុមជំនុំដែលមានភាពទូលំទូលាយក្នុងពិភពលោក ហើយឈរនៅលើមូលដ្ឋាននៃគោលលទ្ធិរបស់ពួកសាវក។ លើសពីនេះ យើងធ្វើតាមកគោលជំនឿ ឡៅសេន
ខាងក្រោមនេះគឺជាសេចក្តីថ្លែងការណ៍នៃសេចក្តីជំនឿដោយពាក្យរបស់យើងផ្ទាល់៖
រឿងរ៉ាវរបស់ព្រះជាម្ចាស់គង់នៅជាមួយយើង
តើព្រះជាម្ចាស់ជានរណា?
ព្រះគឺអស់កល្បជានិច្ច និងមានគ្រប់ព្រះចេស្តា។ គ្មាននរណាបង្កើតទ្រង់ទេ វត្តមានរបស់ទ្រង់មានតាំងពីមុនអ្វីៗទាំងអស់កើតឡើងគឺ៖ លំហ និងពេលវេលា និងគ្រប់ជីវិតទាំងអស់។ ព្រះជាម្ចាស់គឺជាព្រះតែមួយ ហើយទ្រង់គឺជាព្រះត្រៃឯក គឺ៖
ព្រះបិតាគឺជាអ្នកបង្កើតសកលលោក។ ព្រះយេស៊ូគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ចាប់កំណើតជាមនុស្ស ដើម្បីជួយសង្រ្គោះពិភពលោក។ ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងពិភពលោកនេះ ហើយនៅក្នុងយើង អមដំណើរ និងបង្រៀនយើង។
__
តើបំណងព្រះហឫទ័យរបស់ព្រះគឺជាអ្វី?
ដោយសារព្រះជាសេចក្ដីស្រឡាញ់ ទ្រង់អញ្ជើញយើងឲ្យងាកមករកទ្រង់ ហើយមានទំនាក់ទំនងជាមួយទ្រង់។ នៅពេលយើងទទួលយកការអញ្ជើញនេះ ហើយចូលទៅក្នុងទំនាក់ទំនងជាមួយព្រះ នោះយើងកាន់តែខិតក្លាយដូចជាទ្រង់ ដោយទ្រង់ធ្វើការក្នុងយើង ហើយយើងទទួលបានសេរីភាពពិត—ឥឡូវនេះ និងអស់កល្បជានិច្ច។
__
តើបញ្ហានោះគឺជាអ្វី?
មនុស្សជាតិបានឃ្លាតឆ្ងាយពីព្រះ ហើយតាំងខ្លួនជាព្រះ។ ជំនួសឱ្យការសួរពីអ្វីដែលព្រះចង់បាន ពួកគេចូលចិត្តដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនជាមុនសិន។ នេះបានបំផ្លាញទំនាក់ទំនងដ៏ទុកចិត្តរវាងព្រះ និងការបង្កើតរបស់ទ្រង់ទាំងអស់។ មនុស្សជាតិឥឡូវនេះត្រូវបានជាប់នៅក្នុងភាពបែកបាក់ – នៅក្នុងការមិនទុកចិត្ត, អាត្មានិយម, អសន្តិភាព និងគំនិតបំផ្លិចបំផ្លាញ។ យើងមិនអាចគេចផុតពីការជាប់ឃុំឃាំងនេះដោយកម្លាំងរបស់យើងផ្ទាល់ទេ។
__
តើអ្វីជាដំណោះស្រាយរបស់ព្រះ?
ព្រះបានដោះស្រាយស្ថានការណ៍ដ៏អស់សង្ឃឹមនេះ ៖ ទ្រង់បានបញ្ជូនព្រះយេស៊ូគ្រីស្ទមកពិភពលោករបស់យើង ដោយបានយកកំណើតមកជាមនុស្ស ។ ទ្រង់ស្រឡាញ់ និងផ្តល់សេចក្តីថ្លៃថ្នូរយ៉ាងខ្លាំងដល់មនុស្ស ហើយទ្រង់បានរស់នៅ និងបង្រៀនគោលការណ៍របស់ព្រះ។ ទ្រង់បានលះបង់ឯកសិទ្ធិទាំងអស់របស់ទ្រង់ ហើយបានក្លាយជាអ្នកបម្រើរបស់យើង ។ ព្រះយេស៊ូបានសុគតនៅលើឈើឆ្កាង ដើម្បីទទួលយកបន្ទុកទាំងអស់របស់យើង និងអ្វីដែលបំបែកយើងចេញពីព្រះវរបិតាមានដូចជា៖ កំហុស ភាពអាម៉ាស់ ការឈឺចាប់ និងភាពឯកកោរបស់យើង។ ព្រះយេស៊ូបានយកឈ្នះសេចក្តីស្លាប់ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ។ យើងត្រូវបានធ្វើឲ្យសុចរិត ហើយឥឡូវនេះអាចជាផ្នែកមួយនៃបេសកកម្មរបស់ព្រះជាម្ចាស់។
__
តើយើងក្លាយជាផ្នែកនៃរឿងនេះដោយរបៀបណា?
ព្រះយេស៊ូគ្រីស្ទត្រាស់ហៅមនុស្សទាំងអស់ឱ្យរស់នៅជាមួយ និងសម្រាប់ទ្រង់។ នៅពេលដែលយើងទទួលយកការអភ័យទោសរបស់ទ្រង់ ហើយប្រគល់ជីវិតរបស់យើងទាំងស្រុងចំពោះទ្រង់ នោះយើងគឺជាមនុស្សថ្មីដោយសារព្រះគុណរបស់ទ្រង់។ យើងប្រកាសអំណោយទាននៃសេចក្ដីសង្គ្រោះនេះ តាមរយៈការជ្រមុជទឹក ហើយប្រារព្ធវានៅក្នុងពិធីជប់លៀងរបស់ព្រះអម្ចាស់ ។ បេសកកម្មរបស់ព្រះចំពោះយើងគឺស្រឡាញ់ទ្រង់ និងមនុស្សជុំវិញយើង ហើយមានឥទ្ធិពលវិជ្ជមាននៅក្នុងពិភពលោករបស់យើង។ ទាំងអស់នេះ ព្រះវិញ្ញាណបរិសុទ្ធជួយ និងដឹកនាំយើង។ ទ្រង់មានព្រះបន្ទូលមកយើងតាមរយៈព្រះគម្ពីរ ហើយផ្ដល់ការណែនាំសម្រាប់ជីវិតរបស់យើង។ ការនេះផ្លាស់ប្រែ ក្រុមគ្រួសារ មិត្តភាព ទីក្រុង និងប្រទេសជាតិយើង។ ក្នុងនាមជាក្រុមជំនុំមួយដែលយើងមកជុំគ្នាក្ក្ក្នុងកម្មវិធីថ្វាយបង្គំព្រះ ប៉ុន្តែក៏ជាក្រុមតូចៗដើម្បីថ្វាយបង្គំព្រះ ទទួលបទពិសោធន៍ពីទ្រង់ ហើយរីកចម្រើនដោយសេចក្ដីជំនឿ។ យើងអញ្ជើញអ្នករាល់គ្នាឲ្យក្លាយជាផ្នែកនៃរឿងរ៉ាវរបស់ព្រះជាម្ចាស់។
__
តើអ្វីជាគោលដៅនៃរឿងរ៉ាវនេះ?
បំណងព្រះហឫទ័យរបស់ព្រះមិនទាន់បញ្ចប់នៅឡើយទេ៖ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូគ្រីស្ទបានត្រឡប់ទៅរកព្រះវរបិតាទ្រង់នៅស្ថានសួគ៌វិញ។ ហើយពីស្ថានសួគ៌វិញថ្ងៃមួយទ្រង់នឹងត្រឡប់មកវិញ ហើយបង្កើតនគរសន្តិភាពដ៏អស់កល្បរបស់ទ្រង់។ ពេលនោះ ព្រះនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយមនុស្សគ្រប់រូបនឹងត្រូវឆ្លើយតបនឹងទ្រង់ ដោយអ្នកណាដែលជឿលើព្រះយេស៊ូ នឹងនៅជាមួយយព្រះជារៀងរហូត។ ព្រះនឹងជូតអស់ទាំងទឹកភ្នែក ហើយនឹងមិនមានការឈឺចាប់ ការរងទុក្ខ ឬសេចក្ដីស្លាប់ទៀតឡើយ។